សិក្ខាសាលាបូកសរុបលទ្ធផលនៃគម្រោងជំនួយបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដល់កម្មវិធីរេដបូក កម្ពុជា

1971

ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៧

កម្មវិធីរេដបូក(REDD+)​គឺជាយន្តការ​មួយនៅ​ក្រោម​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីពីការ​ប្រែប្រួល​អាកាស​​ធាតុ ដែលផ្តល់​ហិរញ្ញប្បទាន​លើក​ទឹកចិត្ត​ដល់​កិច្ចខិត​ខំប្រឹង​ប្រែង​ក្នុងការកាត់​បន្ថយការ​បាត់បង់ និង​រេចរឹល​ព្រៃឈើ ការ​អភិរក្ស ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកប​ដោយនិរន្ត​ភាព និងការ​បង្កើន​សន្និធិកាបូនក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍។រាជ​រដ្ឋាភិបាលកម្ពុជា​ចាត់ទុកកម្មវិធី​រេដបូកជា​មធ្យោបាយ ដ៏មាន​ប្រសិទ្ធភាព​មួយក្នុង​ការកាត់​បន្ថយការ​បាត់បង់ និងរេច​រឹលព្រៃ​ឈើនៅ​កម្ពុជា ហើយ​បាន​ផ្តួចផ្តើម​រៀបចំ​ផែនទី​បង្ហាញផ្លូវ​រេដបូកជាតិ​ក្នុងឆ្នាំ​២០១០។ មានដៃគូ​អភិវឌ្ឍន៍​មួយចំនួន ដែល​ក្នុងនោះ​ក៏មាន JICA មួយផង​ដែរ ដែល​បាន​សន្យា គំាទ្រដល់​ការ អនុវត្ត​ផែនទី​បង្ហាញ​ផ្លូវរេដបូក​ជាតិ។ ជាចុង​បញ្ចប់នៃ​គម្រោង នាថ្ងៃ​ទី១៧ខែ​តុលាឆ្នាំ ២០១៧ មានការ​រៀបចំសិក្ខាសាលា​បូកសរុបលទ្ធផល នៃគម្រោង​ជំនួយ​បច្ចេកទេស​របស់​JICA កន្លងមក ​និងពិភាក្សា អំពី​សកម្មភាព​បន្តរបស់ JICA​ក្នុងការគាំទ្រ​ដល់ដំណើរការ​កម្មវិធីរេដបូក​នៅកម្ពុជា។ សិក្ខាសាលា​នេះ​បានទទួលការ​ចូលរួម​ជា អធិបតីដោយ ​ឯកឧត្តម យឹម គឹមស៊ាន រដ្ឋលេខាធិការ ជាតំណាង​ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និង​ឯកឧត្តម​ Hidehisa HORINOUCHI ឯកអគ្គរាជ​ទូតនៃ​ប្រទេសជប៉ុន​ប្រចំា​នៅ​ព្រះរាជាណាចក្រកម្ពុជា និងមានការ​ចូលរួមពីមន្រ្តីមក​ពីបណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​គម្រោង​ជាច្រើន​រូប​ទៀត។

កិច្ចគំាទ្ររបស់ JICA ដល់​កម្មវិធីរេដបូក​កម្ពុជា គឺតាមរយៈ​គម្រោង CAM-REDD ដែលបាន​ចាប់ផ្តើម​ដំណើរ​ការចាប់​តាំង​ពីខែមិថុនា ឆ្នាំ២០១១។ ក្នុងរយៈ​ពេល ៦ ឆ្នាំកន្លងទៅនេះ គម្រោងCAM-REDD, JICA បាន​គាំទ្រ​ដំណើរ​ការកម្មវិធីរេដបូកដែលមានសកម្មភាពជាចំបងៗដូចជា៖ ការកសាងសមត្ថភាពបច្ចេកទេសដល់មន្ត្រី និងការផ្តល់​ឧបករណ៍សម្រាប់​បម្រើការងារ​វាស់វែង រាយការណ៍ និង​ផ្ទៀងផ្ទាត់​ព្រៃឈើ (MRV) ការ​ចូលរួម​ចំណែក​រៀបចំយុទ្ធសាស្រ្តរេដបូកជាតិ និងការអនុវត្តគម្រោងសាកល្បងរេដបូក។ ក្នុងកិច្ចការងារទំាងនោះដែរ មានឧបសគ្គចំបងមួយក្នុងចំណោមឧបសគ្គនានាដែលបានជួបប្រទះគឺការកសាងប្រវត្តិនិន្នាការនៃការបាត់បង់ព្រៃឈើសម្រាប់គណនា កម្រិតបំភាយយោងព្រៃឈើ ដែលយកទៅប្រើប្រាស់ដើម្បី  វាយ​តម្លៃ​លទ្ធផល​នៃកិច្ច​ខិតខំ​ប្រឹងប្រែង​របស់ កម្ពុជាក្នុងការកាត់បន្ថយ​ការបាត់បង់ព្រៃឈើនា​ពេលអនាគត​ខាងមុខ។ ជាមួយ​ការណែនំា​ឲ្យប្រើប្រាស់​វិធីសាស្រ្តថ្មី​មួយ អំពីការ​ប្រើប្រាស់​ទិន្នន័យ​រូបភាព​ពីផ្កាយរណប និង​បច្ចេកវិទ្យា​ព័ត៌មាន​ភូមិសាស្រ្ត​ដ៏ទៃទៀត  ក្រុមបច្ចេក​ទេស​JICA បានខិតខំធ្វើការជាមួយក្រុមការងារបច្ចេកទេស កម្ពុជា​យ៉ាងយក​ចិត្តទុក​ដាក់ ដើម្បីកែលម្អ ផែនទី​គម្រប​ព្រៃឈើ ឆ្នាំ ២០០៦ និង២០១០ និង​ផលិត​ផែនទី​គម្របព្រៃ​ឈើ​ថ្មីសម្រាប់​ឆ្នាំ២០០១៤ និង២០១៦ ហើយ​ជាមួយគ្នា​នេះក៏បាន​រៀបចំឯក​សារធ្វើសារពើភ័ណ្ឌព្រៃ​ឈើជាតិ និងប្រព័ន្ធត្រួត​ពិនិត្យ​តាមដាន ព្រៃឈើ​ជាតិផង​ដែរ។

ឯកឧត្តម យឹម គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសំដែងនូវ អំណរគុណ​ដ៏ជ្រាល​ជ្រៅ​ចំពោះ​គម្រោង​ជំនួយ​បច្ចេកទេស​របស់​រាជរដ្ឋា​ភិបាល​ជប៉ុន និងចំពោះ​កិច្ច​សហប្រតិបត្តិការ​កសាង​សមត្ថភាព​សម្រាប់​កម្មវិធី​រេដបូក។ JICA និងស្ថាន​ទូតជប៉ុន ផ្ទាល់​ក៏មាន​មោទនភាព​ចំពោះ​ជោគជ័យ​ផ្នែក​បច្ចេក​ទេស​ដែល​បានរួម​ចំណែក​ដោយ​​ប្រទេសជប៉ុន ហើយ​ក៏បាន​អបអរសាទ​រដល់រដ្ឋា​ភិបាល​កម្ពុជាដែល​បានឈាន​ដល់ការបង្ហាញ​ផែនទី​គម្របដី/ការប្រើ​ប្រាស់ដី​ឆ្នាំ២០១៦ របស់ខ្លួន​នាថ្ងៃនេះ។ តាមរយៈ​បច្ចេកវិទ្យា​ចុងក្រោយ​​ក្នុងការ​បង្កើតផែនទី រដ្ឋាភិបាល​កម្ពុជា​បានកាត់​បន្ថយការ​ចំណាយពេល​វេលាស្ទើរ​តែពាក់​កណ្តាល​សម្រាប់ការ​បង្កើតផែនទី។ នៅខណៈ​ពេល​ដែលក្រុមការងា​របច្ចេកទេស​JICA នឹង​ត្រូវបាន​បញ្ចប់​ដោយជោគជ័យ​លើការគាំទ្រការ​បង្កើត​ក្របខ័ណ្ឌ​រេដបូក ប្រទេស​ជប៉ុន​នៅតែបន្ត​ជួយរាជ​រដ្ឋាភិបាល​កម្ពុជាបន្ថែម​ទៀត​សម្រាប់​ការអនុវត្ត​សកម្មភាព​រេដបូក​នៅទី​វាល និងការពារប្រព័ន្ធអេកូឡូស៊ីព្រៃឈើដែលជាសម្បត្តិដ៏មានតម្លៃរបស់កម្ពុជា។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ  និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន រួមជាមួយ​សិក្ខាកាម​ដទៃទៀត​បានប្តេជ្ញា​បន្ថែមទៀត​ក្នុងការអនុវត្ត​រេដបូក​សំដៅគ្រប់គ្រង និងការអភិរក្ស ធនធាន​ព្រៃឈើ​ប្រកប​ដោយ​​និរន្តរភាព។ រដ្ឋា​ភិបាល​​ជប៉ុន​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អនុវត្ត​សកម្មភាពការងារជាក់ស្តែងដើម្បីដោះស្រាយបញ្ហាការបាត់បង់ព្រៃឈើនៅកម្ពុជា។