ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាបង្កើនការផ្សាភ្ជាប់ទៅនឹងសហគមន៍

1629

ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់កម្មវិធីរេដបូកទៅនឹងសហគមន៍មូលដ្ឋានអង្គការក្រៅ រដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដោយ​បានជួយពំានាំយកព័ត៌មានពីមូលដ្ឋានមកចែករំលែកនៅថ្នាក់ជាតិ និងបញ្ជូន ព័ត៌មានត្រលប់ទៅមូលដ្ឋាន ឬអ្នកពាក់ព័ន្ធវិញ។ ក្រុមប្រឹក្សាយោបល់រេដបូកតែងតែជួបប្រជុំសមាជិកក្រុមចំនួន ៤ដងក្នុងមួយឆ្នាំដើម្បី ចែករំលែកព័ត៌មានស្តីពីរេដបូក ដែលគិតមកដល់ពេលនេះចំនួន ១៧ ដងរួចមកហើយ។
ក្នុងកិច្ចប្រជុំលើកទី១៧ របស់ក្រុមប្រឹក្សាយោបល់រេដបូក ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៧ សមាជិកក្រុម បានពិភាក្សាលម្អិតលើផែនការលើកកម្ពស់ចំណេះដឹង និងចែករំលែកព័ត៌មានអំពីកម្មវិធីរេដបូកដែលខ្លួនទទួលបានពីនៅថ្នាក់ជាតិទៅចែក រំលែកដល់សហគមន៍មូលដ្ឋាន។ ក្រុមប្រឹក្សាយោបល់សម្រេចចុះចែករំលែកព័ត៌មានស្តីពីរេដបូកដល់សហគមន៍មូលដ្ឋាន ចំនួន ១២ កន្លែង ដែលក្នុងនេះមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣ កន្លែង សហគមន៍ព្រៃឈើ ៣កន្លែង សហគមន៍នេសាទ ៣កន្លែង និង សហគមន៍ជនជាតិដើមភាគតិចចំនួន៣កន្លែង។ ឆ្លៀតក្នុងឳកាសនៃការចុះលើក កម្ពស់ចំណេះដឹងនេះ ក្រុមប្រឹក្សាយោបល់រេដបូកនឹងបង្ហាញយន្តការលំហូរព័ត៌មានដែលក្រុមប្រឹក្សាយោបល់រេដបូកអាចផ្តល់ព័ត៌មាន និងប្រមូលយោបល់ត្រលប់ពីសហគមន៍មូលដ្ឋានពាក់ព័ន្ធនឹងបទពិសោធន៍នៃការ គ្រប់គ្រងព្រៃឈើ។
ផែនការនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីចុង ខែឧសភា ដល់ ខែកក្កដា ឆ្នាំ២០១៧។