ក្រុមការងាររេដបូកកម្ពុជាកំណត់ផែនការបញ្ចប់ដំណាក់កាលត្រៀមលក្ខណៈរេដបូក

1656

ក្រុមការងាររេដបូកកម្ពុជាមានមោទនៈភាពយ៉ាងខ្លាំងចំពោះកម្មវិធីរេដបូកកម្ពុជា ដែលសម្រេចបាននូវលទ្ធផល សំខាន់ៗ ដើម្បីឱ្យប្រទេសកម្ពុជាឈានទៅដំណាក់កាលអនុវត្តរេដបូកពេញលេញ និងអាច​ទទួលបាន​ការ​ទូ​ទាត់​​ផ្អែក​លើលទ្ធផលពីការកាត់បន្ថយការបាត់បង់ និងរេចរិលព្រៃឈើ។ ដើម្បីពិនិត្យលើលទ្ធផល និង​ផ្តល់​អនុ​សាសន៍​លើសកម្មភាពបន្ត ក្រុមការងាររេដបូកកម្ពុជា បានជួបប្រជុំជាមួយមន្រ្តីលេខាធិការដ្ឋានរេដបូក ក្រុម​បច្ចេក​ទេស ក្រុមយេនឌ័រ និង​ក្រុមប្រឹក្សាយោបល់រេដបូក។ កិច្ចប្រជុំនេះ​បានប្រព្រឹត្ត​ទៅនាថ្ងៃទី២០-២១ ខែ​កក្កដា ឆ្នាំ២០១៧ នៅ​ក្រុង​សែន​មនោរម្យ ខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា សំអាង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្ស ធម្មជាតិនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររេដបូកកម្ពុជា ដោយមានអ្នកចូលរួមសរុបចំនួន ៥៥នាក់ (ស្រ្តី១៥នាក់) ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ក្រុមការងាររេដបូកកម្ពុជា បានទទួលនូវសេចក្តីរាយការណ៍ស្តីពីកិច្ចប្រជុំបច្ចេកទេស របស់​អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) និង​លក្ខខ័ណ្​ឌចាំបាច់​នៃការស្នើសុំ ការទូទាត់ផ្អែកលើលទ្ធផលរេដបូក ពីមូលនិធិអាកាសធាតុបៃតង ដែលមានទឹកប្រាក់សរុបចំនួន ៥០០លាន ដុល្លាអាមេរិក ដែលនឹងដាក់ឱ្យដំណើរការសាកល្បងនៅដើមឆ្នាំ២០១៨។ នាពេលបច្ចុប្បន្ននេះ សមិទ្ធផលសំខាន់ៗដែលកម្មវិធីរេដបូកកម្ពុជាសម្រេចបានរួមមាន ការកសាងបញ្ចប់យុទ្ធសាស្រ្តរេដបូកជាតិ កម្រិតយោង​ព្រៃឈើជាតិ ប្រព័ន្ធត្រួតពិនិត្យតាមដានព្រៃឈើជាតិ សេចក្តី​ព្រាង​ប្រព័ន្ធព័ត៌មាន​ធានា​សុវត្ថិភាព​រេដបូក ផែនការយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ និង​មេរៀន​បទពិសោធន៍​សំខាន់ៗ​ដែលបាន​ពីការអនុវត្តសាកល្បងសកម្មភាពរេដបូកនៅមូលដ្ឋានដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន និងប្រជា​សហគមន៍​ក្នុងការរៀបចំផែនការ និង​អនុវត្ត​សាកល្បង​វិធានការកាត់​បន្ថយ​បុព្វហេតុនៃការបាត់បង់ព្រៃឈើ។ កិច្ចប្រជុំនេះក៏បានផ្តល់ឱកាសឲ្យអ្នកចូលរួមទាំងអស់ បាន​ចុះទស្សនកិច្ច​សិក្សាគម្រោ​ងជ្រលងដំរី នៅក្នុងខេត្តមណ្ឌលគីរី ដើម្បី​ស្វែងយល់​ពីកម្មវិធីដែល​មានសក្តា​នុពលខ្ពស់​ក្នុងការការពារ​ព្រៃឈើ តាមរយៈការរៀបចំអេកូទេសចរណ៍ធម្មជាតិមើលសត្វដំរី ដើម្បី​ទទួលបាន​ចំណូល​ពីភ្ញៀវ​ទេសចរណ៍​សម្រាប់​លើកកម្ពស់ជីវភាពសហគមន៍ជនជាតិដើមភាគតិច កាត់បន្ថយ​សម្ពាធការ​ប្រើប្រាស់​ធនធាន​ព្រៃឈើ អភិរក្សធនធានធម្មជាតិ និងព្រម​ទាំងអភិរក្ស​សត្វដំរីដែល​មានចំនួន​តិចតួចក្នុង​ប្រទេស​កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជា សំអាង បានកោតសរសើរចំពោះលេខាធិការដ្ឋានរេដបូក ក្រុមការងារ​បច្ចេកទេស​រេដបូក ស្ថាប័នអនុវត្តសាកល្បងកម្មវិធីរេដបូក និងអ្នកពាក់ព័ន្ធទាំងដែលបានខិតខំប្រឹងប្រែងដឹកនាំ កម្មវិធីរេដបូកសម្រេចបាននូវផ្លែផ្កាជាច្រើន និងផ្តល់​អនុសាសន៍​បន្ថែមសម្រាប់​សកម្មភាពបន្ត​របស់កម្មវិធី​រេដបូក។ ឯកឧត្តម​បានថ្លែងថា “យើងគួរមានមោទនៈភាពចំពោះកិច្ចការងារដែលសម្រេចបានកន្លងទៅនេះ ហើយត្រូវខិតខំបន្ថែមទៀតដើម្បីបញ្ចប់ការងារដែលនៅសេសសល់ដូចជាឯកសារប្រព័ន្ធធានាសុវត្ថិភាពរេដបូក សម្រាប់​ការស្នើសុំការទូទាត់ផ្អែកលើលទ្ធផលរេដបូក ឱ្យបានទាន់ពេលវេលា បន្ទាប់​ពីមូល​និធិអាកាស​ធាតុ​បៃតង​​ប្រកាសទទួលសំណើ”។

គណៈអធិបតី ឯកឧត្តម ជា សំអាង (កណ្តាល) ឯកឧត្តម នេត មុន្នី អគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើព័ន្ធ MEF (ឆ្វេង) និង លោក គឺមណុង អគ្គនាយករង GDANCP (ស្តាំ)

ចុងបញ្ចប់កិច្ចប្រជុំបានឯកភាពថាត្រូវខិតខំបញ្ចប់ឯកសារសំខាន់ៗដែលមិនទាប់បានបញ្ចប់រួមមាន ឯកសារ​ប្រព័ន្ធ​ធានាសុវត្ថិភាពរេដបូក និងសារ​​​ពើភ័ណ្ឌការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីវិស័យព្រៃឈើក្នុងឆ្នាំ ២០១៤-២០១៦ ឲ្យបាន​មុនដំណាច់ឆ្នាំ ២០១៨ ហើយ​ក៏បាន​ឯកភាព​ថាត្រូវចាប់​ផ្តើមរៀបចំ​ទស្សនៈ​ទានខ្លីដើម្បី​ស្នើសុំការទូទាត់ផ្អែលលើលទ្ធផលពីមូលនិធិអាកាសធាតុបៃតងពេលឲ្យបានទាន់ពេលវេលាដែលនិធិប្រកាសទទួលជំនួយ។

គម្រោងភាពជា​ដៃគូកាបូនព្រៃឈើ FCPF វគ្គទី២ ក្រោមការគាំទ្រហិរញ្ញប្បទានរបស់ធានាគារពិភពលោក និងUNDP នឹងបន្ត​គំាទ្រ​ដល់ការបញ្ចប់​ឯកសារសំខាន់ៗ​នានានិង​ការពង្រឹង​សមត្ថភាពស្ថាប័ន​ដើម្បីបញ្ចប់​ដំណាក់​ត្រៀម​លក្ខណៈរេដបូក ហើយ​និង​ជួយដល់​ការរៀប​ចំទស្សនៈទាន​ខ្លីដើម្បីស្នើ​ទៅមូល​និធិអាកាស​ធាតុ​បៃ​តង។